រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរជុំវិញបរិវេណ «វិមានសាមគ្គីភាព» នៅព្រឹកថ្ងៃទី២១ ខែសីហា ២០២៦

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនថា អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅលើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

ការផ្អាកចរាចរណ៍បណ្តោះអាសន្ននេះ ធ្វើឡើងដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារព្រឹទ្ធសភាថ្មី «វិមានសាមគ្គីភាព» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទកំណត់ដោយអនុគ្រោះ។ ចរាចរណ៍នឹងត្រូវបើកឱ្យធ្វើដំណើរជាធម្មតាវិញភ្លាមៗ បន្ទាប់ពីពិធីត្រូវបានបញ្ចប់។

Previous Post Next Post