រាជធានីភ្នំពេញប្រកាសដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០» ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធប្រមាណ ៣០០នាក់។
ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ទេសចរណ៍ «ស្អាត ឆ្លាត និងបៃតង»

ផែនការសកម្មភាពឆ្នាំ២០២៦-២០៣០ នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់ភាគីពាក់ព័ន្ធឱ្យរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដោយឈរលើគោលការណ៍ «ស្អាត ឆ្លាត និងបៃតង» ព្រមទាំងពង្រឹងឧត្តមភាព និងសមត្ថភាពប្រកួតប្រជែង ដើម្បីប្រែក្លាយភ្នំពេញឱ្យទៅជាគោលដៅទេសចរណ៍ទីក្រុងដ៏លេចធ្លោមួយនៅក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា៖
រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែកំពុងពង្រឹងតួនាទីជាច្រកទ្វារទេសចរណ៍អន្តរជាតិ និងជាគោលដៅទេសចរណ៍ទីក្រុងដ៏រស់រវើក ដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទេសចរណ៍ទីក្រុង និងជីវិតសម័យទំនើប។
ការបង្កើតផលិតផល និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ថ្មីៗ
នៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់សោភ័ណភាព រដ្ឋបាលរាជធានីបានប្រកាសពីផែនការកែលម្អតំបន់ច្រាំងទន្លេតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ឱ្យក្លាយជាតំបន់ទេសចរណ៍បែបទំនើប បៃតង និងមានបរិស្ថានល្អប្រសើរ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតផលិតផលទេសចរណ៍ថ្មីៗ រួមមាន៖
  • សួនលំហែកាយសាធារណៈ៖ សម្រាប់ប្រជាពលរដ្ឋកម្សាន្ត និងអំណោយផលដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍-កីឡាកម្រិតជាតិ និងអន្តរជាតិធំៗ។
  • ការសម្រួលចរាចរណ៍៖ រៀបចំផ្លូវសម្រាប់រថយន្តសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ។
  • មធ្យោបាយធ្វើដំណើរការកាត់បន្ថយការភាយបំពុល៖ រៀបចំផ្លូវជិះកង់ និងដាក់ឱ្យប្រើប្រាស់កង់អាគុយសាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរ។

ទិសដៅយុទ្ធសាស្ត្រអាទិភាពធំៗចំនួន ៣

ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងក្នុងតំបន់ និងការផ្លាស់ប្តូរអាកប្បកិរិយារបស់ភ្ញៀវទេសចរជំនាន់ថ្មី ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាទិភាពធំៗចំនួន ៣៖
  1. ការបង្កើតអត្តសញ្ញាណ និងម៉ាកសញ្ញាផ្ទាល់ខ្លួន (Phnom Penh Destination Branding)៖ ដើម្បីបង្កើតភាពខុសប្លែក និងទាក់ទាញលើទីផ្សារ។
  2. ការរៀបចំនlistsនិទានកថា (Storytelling)៖ ផ្លាស់ប្តូរពីការ «លក់ទីកន្លែងទេសចរណ៍» មកជាការ «លក់រឿងរ៉ាវ បទពិសោធន៍ និងអារម្មណ៍» ដោយភ្ជាប់ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម និងអាហារតាមតំបន់។
  3. ការជំរុញទេសចរណ៍នាពេលរាត្រី (Night Tourism)៖ ពង្រីកសកម្មភាពទេសចរណ៍ពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវទេសចរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងការគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ចាប់តាំងពីឆ្នាំ២០២៥ និងបន្តមកដល់ឆ្នាំ២០២៦ នេះ។














Previous Post Next Post