ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពថ្លែងបើក «សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អនុសាសន៍ និងសារសំខាន់ៗរបស់ សម្តេចធិបតី៖
- ការប្តេជ្ញាចិត្តខ្ពស់៖ ការជួបជុំគ្នានេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈ និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងស្មុគស្មាញនៃយុគសម័យឌីជីថល ដោយទាមទារឱ្យមានភាពក្លាហានក្នុងការទទួលស្គាល់ និងដោះស្រាយបញ្ហាប្រឈមដោយគ្មានការស្ទាក់ស្ទើរ។
- ជំហរដាច់ខាតរបស់កម្ពុជា៖ សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជា នឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ» ហើយនឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនមកបំផ្លាញមោទនភាពជាតិ និងជីវភាពរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះទេ។
- ប្រភព និងការវិវត្តនៃឧក្រិដ្ឋកម្ម៖ ឧស្សាហកម្មឆបោកតាមអនឡាញមិនបានចាប់ផ្តើម ឬកើតឡើងតែនៅកម្ពុជានោះទេ ប៉ុន្តែបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនបានឆ្លៀតឱកាសពីចន្លោះប្រហូង និងប្រព័ន្ធទូរគមនាគមន៍ស្មុគស្មាញដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីឆបោក។
- ការទទួលខុសត្រូវ៖ កម្ពុជាទទួលខុសត្រូវទាំងស្រុងលើការធានាសន្តិសុខព្រំដែន ការអនុវត្តច្បាប់ និងការស្តារឡើងវិញនូវបូរណភាពនៃយុត្តាធិការជាតិ។










