ខេត្តក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
យោងតាមការបញ្ជាក់ពី លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទឹកទន្លេមេគង្គបានកើនឡើងដល់ ២១.៧៣ ម៉ែត្រ ដែលបណ្តាលឱ្យឃុំចំនួន ៧ (ស្មើនឹង ៣១ ភូមិ) រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៖
- ផលប៉ះពាល់មនុស្ស និងលំនៅឋាន៖ ប៉ះពាល់ ១,៨៣៣ គ្រួសារ (៨,០១១ នាក់), ផ្ទះ ១,៤៦១ ខ្នង, និងបង្គន់ ១,០៣១ បង្គន់។
- ផលប៉ះពាល់កសិកម្ម និងសង្គម៖ ស្រូវ ៣៦១ ហិកតា, ដំណាំ ៤៥ ហិកតា, សាលារៀន ៨ កន្លែង, សាលាឃុំ ២, និងវិហារ ៤ កន្លែង។
- ខូចខាតហេដ្ឋារចនាសម្ព័ន្ធ៖ ផ្លូវ ៤៣ ខ្សែ (ប្រវែង ៧៤,៣៧១ម), ស្ពាន ២ កន្លែង, លូ ៤០ កន្លែង, ទំនប់ ២៨ កន្លែង, ទ្វារទឹក ៧៣ កន្លែង និងបាក់ច្រាំងទន្លេ ៨៧៣ ម៉ែត្រ។
ក្នុងនោះ ឃុំព្រែកសាម៉ាន់ រងហានិភ័យខ្ពស់ជាងគេ ដោយអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ៦៥ គ្រួសារ ក្នុងភូមិព្រែកសណ្តាយ និង ៦ គ្រួសារ ក្នុងភូមិឈើទាលភ្លោះ ទៅកាន់ទីទួលសុវត្ថិភាព និងផ្ទះអ្នកជិតខាងជាបណ្តោះអាសន្ន។









