សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាង សហរដ្ឋអាម៉េរិក និងកម្ពុជា ជាពិសេសក្នុងវិស័យការពារជាតិ ដោយបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាជាដៃគូសំខាន់មួយ ហើយសហរដ្ឋអាម៉េរិកនឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងវិស័យយោធា និងបានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន។ សម្តេចធិបតី ក៏បានសម្តែងការពេញចិត្តចំពោះការត្រៀមរៀបចំសមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៧ ព្រមទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពកងទ័ព ដែលជាស្ពានកសាងមិត្តភាពជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតី Donald J. Trump និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់កន្លងមក សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការយកចិត្តទុកដាក់លើការកសាងសន្តិភាពរវាងកម្ពុជា និងថៃ។ មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយគូសរំលេចពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់រវាងប្រទេសទាំងពីរ។



Previous Post Next Post