ភ្នំពេញ៖ យុវជនកម្ពុជាជិត ៣,០០០នាក់ បានសម្រេចចិត្តស្ម័គ្រចិត្តដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបើកទទួលពាក្យដំបូង ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី។
ស្របពេលជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្លែងសារនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិដ៏មុតមាំរបស់យុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធាយ៉ាងច្រើនកុះករតាំងពីថ្ងៃដំបូង។
ស្មារតីចូលរួមយ៉ាងសស្រាក់សស្រាំនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីមនសិការស្នេហាជាតិ និងការប្តេជ្ញាចិត្តខ្ពស់របស់កុលបុត្រកុលធីតាខ្មែរ ក្នុងការចូលរួមការពារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងមានស្ថិរភាពយូរអង្វែង។
