(ខេត្តក្រចេះ) នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីពង្រឹងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងការត្រៀមខ្លួនក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចិត្របុរី ឯកឧត្តម ហេង រតនៈ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំថ្មគ្រែ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជាច្រើនរូបទៀត។ជំនួបសំណេះសំណាលនេះ មានគោលបំណងលើកកម្ពស់ការយោគយល់គ្នា ពង្រឹងសាមគ្គីភាព និងផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងការងារសំខាន់ៗ ដើម្បីជួយតម្រង់ទិសដល់បេក្ខជនក្នុងការរៀបចំផែនការ និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ការបំពេញតួនាទី និងភារកិច្ចនាពេលអនាគត។
ជាមួយគ្នានេះ ការជួបជុំក៏ជាឱកាសសម្រាប់ការពិភាក្សា និងការយកចិត្តទុកដាក់លើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបប្រទះ។
តាមរយៈជំនួបនេះ បេក្ខជនត្រូវបានលើកទឹកចិត្តឱ្យយកចិត្តទុកដាក់លើការងារបម្រើប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមលក្ខណៈសម្រាប់ដំណើរការបោះឆ្នោតនាពេលខាងមុខ។



















